ក្រុមប្រឹក្សាសិស្ស

១. ចក្ខុវិស័យ៖

ចក្ខុវិស័យរបស់ក្រុមប្រឹក្សាសិស្ស គឺផ្តល់ឱ្យសិស្សទទួលបាននូវមោទនភាព សាមគ្គីភាព និងភាពរីករាយក្នុងសាលារៀន ដើម្បីលើកកម្ពស់ស្មារតីសហគមន៍នៃសាលារៀន ជាមួយការជំរុញនូវស្មារតីស្ម័គ្រចិត្តក្នុងការចូលរួមដឹកនាំ រៀបចំ និងអនុវត្តគម្រោងផ្សេងៗ មិនថាក្នុងសាលារៀន​ឬក្នុងសហគមន៍ក្នុងបុព្វហេតុមនុស្សធម៌ ដើម្បីអភិវឌ្ឍខ្លួន និងសហគមន៍ឱ្យមានការផ្លាស់ប្តូរ ឈានទៅរកឧត្តមភាព។

២. បេសកកម្ម

ក្រុមប្រឹក្សាសិស្សាមានគោលដៅបេសកកម្មសំខាន់ៗដូចជា៖

  • ផ្តល់ឱកាសដល់សិស្សានុសិស្សក្នុងការអភិវឌ្ឍភាពជាអ្នកដឹកនាំ និងបណ្តុះនូវចំណេះដឹងថ្មីៗ តាមរយៈការរៀបចំ និងការអនុវត្តសកម្មភាព និងបង្កើតជាគម្រោងផែនការផ្សេងៗ។
  • ផ្តល់ឱកាសដល់សិស្សានុសិស្សក្នុងការរៀបចំកម្មវិធី ឬព្រឹត្តិការណ៍ផ្សេងៗ ដែលជាការរួមចំណែកក្នុងស្មារតីស្ម័គ្រចិត្តប្រកបដោយសាមគ្គីភាព និងមោត្តភាព ។
  • ជួយដល់សហគមន៍ផ្សេងៗដែលពុំមានឱកាសតាមរយៈគម្រោងសកម្មភាពមនុស្សធម៌ របស់ក្រុមប្រឹក្សាសិស្ស។
  • ផ្តល់ឱកាសដល់សិស្សានុសិស្សបានបង្ហាញនូវសមត្ថភាពទេពកោសល្យក្នុងកម្មវិធីផ្សេង និងស្នាដៃក្នុងកម្មវិធីប្រកួតប្រជែងផ្សេងទាំងក្នុងឆាកជាតិ និងអន្តរជាតិ។
  • ផ្តល់ឱកាសដល់សិស្សានុសិស្សក្នុងការចែករំលែកនូវបទពិសោធ គំនិតច្នៃប្រតិដ្ឋ ដើម្បីអភវឌ្ឍក្រុមប្រឹក្សាសិស្សឱ្យលូតលាស់ទៅមុខជានិរន្ត៍ក្នុងបរិបទនៃ បរិវត្តកម្មឌីជីថល។

៣. រចនាសម្ព័ន្ធ៖

៤. តួនាទីក្រុមប្រឹក្សាសិស្ស៖

ក. ប្រធាន

  • ប្រមូលព័ត៌មានរបស់សិស្សានុសិស្សទូទៅ។
  • កសាង និងរក្សាទំនាក់ទំនងល្អជាមួយអនុប្រធាន តំណាងសាខា ប្រធានក្លិប និងសមាជិកក្លិប។
  • ជាតំណាងសិស្សរាល់កិច្ចប្រជុំ និងការសម្រេចចិត្តផ្សេងៗ។
  • ទទួលខុសត្រូវសម្របសម្រួលក្នុងការជ្រើសរើស និងបែងចែកតួនាទីរបស់តំណាងសាខា។
  • ធានារាល់ដំណើរការការងាររបស់អ្នកតំណាងតាមសាខាប្រកបដោយប្រសិទ្ធភាព។
  • អាចដឹកនាំប្រជុំជាមួយអ្នកតំណាងតាមសាខា និងប្រធានក្លិបនៅការិយាល័យកណ្តាល តាមកាលវិភាគដែលបានកំណត់ ឬមានសិទ្ធិអញ្ជើញប្រជុំបន្ទាន់ក្នុងករណីចាំបាច់។

ខ. អនុប្រធាន

  • កសាង និងរក្សាទំនាក់ទំនងល្អជាមួយប្រធានក្រុមប្រឹក្សាសិស្ស តំណាងសាខាប្រធានក្លិប និងសមាជិកក្លិប។
  • ជាតំណាងរបស់ប្រធានក្រុមប្រឹក្សាសិស្សចូលរួមក្នុងកិច្ចប្រជុំកម្មវិធីផ្សេងៗ និងការសម្រេចចិត្តលើកិច្ចការទាំងអស់ពេលប្រធានអវត្តមាន។

គ. តំណាងសាខា

  • ដឹកនាំកិច្ចប្រជុំជាមួយសមាជិក (ប្រធានក្លិប) មួយត្រីមាសម្តង។
  • ទទួលខុសត្រូវសម្របសម្រួលក្នុងការជ្រើសរើស និងបែងចែកតួនាទីប្រធានក្លិបតាមសាខា។
  • ធានារាល់ដំណើរការការងាររបស់ប្រធានក្លិបតាមសាខាប្រកបដោយប្រសិទ្ធភាព។
  • ទទួលនិងដោះស្រាយបញ្ហាដែលរាយការណ៍ដោយប្រធានក្លិប។
  • កសាង និងរក្សាទំនាក់ទំនងល្អជាមួយប្រធានក្រុមប្រឹក្សាសិស្ស ​ប្រធានក្លិប និងសមាជិកក្លិប។
  • ឆ្លើយតបតាមតម្រូវការ​​ និងសំណើរបស់ប្រធានក្រុមប្រឹក្សាសិស្សទាក់ទងនឹងការងារក្លិប។

ឃ. សមាជិកក្រុម

  • លេខាធិការជាជំនួយការចំពោះប្រធាន និងអនុប្រធានក្នុងការសម្របសម្រួល ឬប្រតិបត្តិការងារផ្សេងៗ។
  • ប្រវត្តិវិទូជាអ្នករៀបចំទុកដាក់ឯកសារទាំងឡាយ និងអ្នកកត់ត្រាព័ត៌មាន ឬព្រឹត្តិការណ៍ទាំងឡាយដែលកើតមានឡើងក្នុងសកម្មភាពក្រុមប្រឹក្សាសិស្ស។
  • សិស្សានុសិស្សអាចចូលរួមជាសមាជិកក្រុមប្រឹក្សាសិស្សបានចាប់ពីថ្នាក់ទី៧ ដល់ទី១២។

ង. ដំណើរការក្រុម

  • ប្រធានក្លិបអាចដឹកនាំប្រជុំជាមួយសមាជិកមួយខែម្តង។​
  • ប្រធានមានសិទ្ធិអញ្ជើញសមាជិកប្រជុំបន្ទាន់ក្នុងករណីចាំបាច់។
  • អ្នកតំណាងគ្រប់គ្រងតាមសាខាអាចដឹកនាំប្រជុំជាមួយសមាជិកមួយត្រីមាសម្តង។
  • ប្រធាន និងអនុប្រធានក្រុមប្រឹក្សាសិស្សអាចដឹកនាំកិច្ចប្រជុំជាមួយអ្នកតំណាងតាមសាខាមួយត្រីមាសម្តងនៅការិយាល័យកណ្តាល។
  • ប្រធានមានសិទ្ធិអញ្ជើញសមាជិកប្រជុំបន្ទាន់ក្នុងករណីចាំបាច់ ឬត្រូវរៀបចំកម្មវិធីផ្សេងៗរបស់សាលាដែលមិនត្រូវកាលវិភាគប្រជុំ។

ច. ក្លិប

ក្នុងឆ្នាំសិក្សា២០២០-២០២១ ក្រុមប្រឹក្សាសិស្ស (AIS Student Council) មានតួនាទីសម្របសម្រួលទៅលើក្លិបចំនួន០៥៖

  • ក្លិបគុណភាព និងវិន័យ​
  • កិ្លបអ្នករៀបចំផែនការ​
  • ក្លិបអ្នកសារព័ត៌មាន
  • ក្លិបមិត្តជួយមិត្ត
  • ក្លិប STEAM

លើសពីនេះទៀត ក្រុមប្រឹក្សាសិស្សមានការប្រតិបត្តិនៅតាមសាខាទាំង១០ របស់សាលារៀន អន្តរទ្វីប អាមេរិកាំង ​មានដូចជា​ សាខាម៉ៅសេទុង (ការិយាល័យកណ្តាល) សាខាទួលគោក សាខាចាក់អង្រែ សាខាចោមចៅ សាខាផ្សារថ្មី សាខាជ្រោយចង្វារ សាខាសៀមរាប សាខាតាកែវ សាខាសែនសុខ និងសាខាច្បារអំពៅ។ នាថ្ងៃអនាគតសាលារៀននឹងមានការបើកក្លិបសិក្សាផ្សេងៗទៀត។

៥. អត្ថប្រយោជន៍៖

– ការចែករំលែកចំណេះដឹង

– ទទួលបានបទពិសោធថ្មីៗ

– បង្កើតទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន

– យល់ដឹងច្បាស់ពីសង្គម

– មានទំនួលខុសត្រូវ

– ពង្រឹងដល់ការដោះស្រាយបញ្ហាផ្សេងៗ

– ការរីកចម្រើនសម្រាប់ខ្លួនយើង

– ការជួយគ្នាទៅវិញទៅមក

– មានភាពជាអ្នកដឹកនាំ។